រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល ប្រមូលធាតុចូលឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យនេះមានខ្លឹមសារច្បាស់លាស់ និងគ្របដណ្តប់បានគ្រប់ជ្រុងជ្រោយ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថ្លែងនូវការគាំទ្រដល់អង្គប្រជុំទាំងមូលលើសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងមន្រ្តី សុខាភិបាល សំដៅលើក លើកកម្ពស់គុណភាពសេវាសុខាភិបាល និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យសុខាភិបាល។
ទន្ទឹមគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឆ្លៀតឱកាសថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងល្អប្រសើរកន្លងមក ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន និងការដ្ឋានកែទម្រង់ទាំងអស់ ដែលបានចូលរួមផ្តល់ធាតុចូលក្នុងកិច្ចប្រជុំជាច្រើនលើកកន្លងមក ធ្វើឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ការដ្ឋានកំណែទម្រង់ទាំងអស់ ព្រមទាំងប្រធាន អនុប្រធាន សមាជិក ក្រុមការងារនៃអនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និងមន្ត្រីជំនាញផ្សេងទៀត សរុបចំនួនប្រហែល ២៤០ រូប។











No comments:
Post a Comment