www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Monday, July 6, 2026

ក្រុមអ្នកបើករថយន្តធុនធំ (វេអង) សម្តែងការមិនពេញចិត្តចំពោះស្ថានីយជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ខេត្តពោធិ៍សាត់ សង្ស័យថាជញ្ជីងមិនមានស្តង់ដារបច្ចេកទេស


 

ខេត្តពោធិ៍សាត់៖ ក្រុមអ្នកបើកបរ និងម្ចាស់រថយន្តដឹកជញ្ជូនទំនិញធុនធំប្រភេទវេអងជាច្រើននាក់ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងបានរិះគន់ចំៗទៅលើស្ថានីយជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ដែលមានទីតាំងស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយពួកគាត់អះអាងថា ស្ថានីយមួយនេះហាក់មានភាពមិនប្រក្រតី និងថ្លឹងទម្ងន់មិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។


យោងតាមប្រភពពីក្រុមអ្នកដឹកជញ្ជូនទំនិញតាមរថយន្តធុនធំ បានថ្លែងប្រាប់អង្គភាពសារព័ត៌មានយើងឱ្យដឹងថា រថយន្តរបស់ពួកគាត់បានផ្ទុកទម្ងន់ទៅតាមច្បាប់កំណត់ ដោយប្រភេទរថយន្តវេអង ក្រសួងបានអនុញ្ញាតឱ្យដឹកទម្ងន់ក្រោម ៤៥ តោន។ បើលើសពី ៤៥ តោនឡើងទៅ ស្ថានីយជញ្ជីងថ្លឹងរថយន្តនឹងដាក់វិន័យ ព្រមទាំងឃាត់រថយន្តទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
ទោះជាយ៉ាងណា អ្វីដែលធ្វើឱ្យពួកគាត់មានការងឿងឆ្ងល់ និងហួសចិត្តនោះគឺ រថយន្តរបស់ពួកគាត់បានដឹកទំនិញចេញពីក្រុមហ៊ុន ដោយមានការថ្លឹងទម្ងន់ត្រឹមត្រូវតាមស្តង់ដារកំណត់ ហើយថែមទាំងបានបើកបរឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង រួចរាល់ហើយដែរ ដោយលទ្ធផលបង្ហាញថា ទម្ងន់គឺត្រឹមត្រូវតាមក្បួនខ្នាតស្តង់ដារទាំងអស់។
ក្រុមអ្នកបើកបរបានបន្តថា វាជារឿងចម្លែកខ្លាំងណាស់ ដែលរថយន្តរបស់ពួកគាត់ឆ្លងកាត់ជញ្ជីងនៅខេត្តផ្សេងៗឃើញថាគីឡូត្រឹមត្រូវ ប៉ុន្តែពេលបើកចូលមកដល់ស្ថានីយជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ខេត្តពោធិ៍សាត់ បែរជាជញ្ជីងលោតលើសទម្ងន់ទៅវិញ។ ករណីនេះ ធ្វើឱ្យពួកគាត់សង្ស័យថា ស្ថានីយជញ្ជីងថ្លឹងរថយន្តខេត្តពោធិ៍សាត់នេះ អាចមានបញ្ហាបច្ចេកទេស ឬក៏ការថ្លឹងនោះមិនខ្វល់ពីភាពត្រឹមត្រូវទាល់តែសោះ។





ដោយសារតែជួបប្រទះនូវបញ្ហាដែលពួកគាត់ចាត់ទុកថាជាភាពអយុត្តិធម៌ និងមិនច្បាស់លាស់បែបនេះ ក្រុមអ្នកដឹកជញ្ជូនទំនិញតាមរថយន្តធុនធំ បានអំពាវនាវ និងសំណូមពរយ៉ាងទទូចដល់លោកប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ក៏ដូចជាលោក ស៊ឹម សង្វាពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ មេត្តាជួយចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យឧបករណ៍ជញ្ជីងនៅស្ថានីយនេះឡើងវិញ ដើម្បីផ្តល់ភាពស្អាតស្អំ និងយុត្តិធម៌ដល់អ្នករកស៊ីដឹកជញ្ជូន។
ជាចុងក្រោយ ក្រុមអ្នកបើកបរ និងម្ចាស់រថយន្តទាំងអស់ ក៏សូមគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សូមឯកឧត្តមមេត្តាចាត់មន្ត្រីជំនាញថ្នាក់ជាតិ ចុះមកពិនិត្យ និងអន្តរាគមន៍លើករណីស្ថានីយជញ្ជីងថ្លឹងរថយន្តខេត្តពោធិ៍សាត់នេះជាបន្ទាន់ ដើម្បីជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។



បញ្ជាក់ ÷ អង្គភាពសារព័ត៌មានយើងខ្ញុំ ចុះផ្សាយក្នុងន័យរិះគន់ដើម្បីស្ថាបនាសង្គមជាតិ មិនមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះបុគ្គល ឬស្ថាប័នណាមួយឡើយ។ យើងខ្ញុំរង់ចាំការបកស្រាយ និងបំភ្លឺពីភាគីពាក់ព័ន្ធជានិច្ច ជាពិសេសពីលោកប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តខេត្តពោធិ៍សាត់ផ្ទាល់ រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ មាត្រា១០ កថាខណ្ឌទី១៕







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages