ខេត្តរតនគិរី៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី បានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថា មានក្រុមឈ្មួញបានយកគ្រឿងចក្រធន់ធំប្រភេទ (អេស្កាវ៉ាទ័រ) ចូលទៅធ្វើសកម្មភាពឈូសឆាយដីព្រៃឈើលើភ្នំ ដែលជាធនធានធម្មជាតិរបស់រដ្ឋយ៉ាងរលូនដែលស្ថិតនៅភូមិមុយឃុំញ៉ាងស្រុកអណ្ដូងមាសខេត្តរតនគីរី
ជុំវិញករណីនេះ ក្រុមការងារបានស្វែងរកការបំភ្លឺជាបន្តបន្ទាប់៖
លោករម៉ាម ហុិន មេឃុំញ៉ាង បានថ្លែងប្រាប់ថា លោកពុំបានដឹងឮអំពីសកម្មភាពឈូសឆាយនេះទេ ហើយអាជ្ញាធរឃុំក៏មិនដែលបានចេញលិខិតអនុញ្ញាតឱ្យធ្វើសកម្មភាពឈូសឆាយដីព្រៃនៅទីនោះដែរ។
លោក សុទ្ធ សុភ័ក្រ្ត (ភាគីតំណាងសកម្មភាពឈូសឆាយ) បានអះអាងប្រាប់អ្នកសារព័ត៌មានថា ការឈូសឆាយនេះគឺមានច្បាប់អនុញ្ញាតពីសាលាស្រុកត្រឹមត្រូវ។
លោក មាស សារ៉េត អភិបាលនៃគណៈអភិបាលស្រុកអណ្ដូងមាស បានថ្លែងបដិសេធ និងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងវិញថា ចំពោះករណីឈូសឆាយដីព្រៃភ្នំនៅទីតាំងខាងលើនេះ លោកមិនបានចេញលិខិត ឬច្បាប់អនុញ្ញាតណាមួយឱ្យនោះឡើយ។
ដោយសារមានការឆ្លើយតបផ្ទុយគ្នារវាងភាគីម្ចាស់ គ្រឿងចក្រ និងអាជ្ញាធរស្រុកបែបនេះ ប្រជាពលរដ្ឋក៏ដូចជា អ្នកសារព័ត៌មាន សូមទទូចស្នើសុំដល់ ឯកឧត្តម ញ៉ែម សំ អឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី មេត្តាជួយ ចាត់មន្ត្រីជំនាញចុះពិនិត្យ និងស្រាវជ្រាវទីតាំងខាងលើនេះ ដោយយកចិត្តទុកដាក់ ដើម្បីការពារធនធានធម្មជាតិរបស់ រដ្ឋ។ អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំទទួលការបកស្រាយ និង បំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពី របបសារព័ត៌មានឆ្នាំ១៩៩៥ មាត្រា១០ កថាខណ្ឌទី១






No comments:
Post a Comment