រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត (N.P.A) បានជួបសំណេះសំណាល និងណែនាំតម្រង់ទិសវិជ្ជាជីវៈសារព័ត៌មាន ដល់ចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌ មានមួយចំនួន ដើម្បីពង្រឹងសមត្ថភាពការអនុវត្តការងារ និងក្រមសីលធម៌ក្នុងវិស័យព័ត៌មានឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសជួបជុំនោះ លោក នួន នី បានលើកឡើងអំពីសារៈសំខាន់នៃការបំពេញវិជ្ជាជីវៈសារព័ត៌មានដោយភាពត្រឹមត្រូវ យុត្តិធម៌ និងមានតុល្យភាព ដោយផ្អែកលើការពិតជាក់ស្តែង និងចៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំផ្លើសបំភ្លៃដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងកិត្តិយសរបស់អ្នកដទៃ។
ជាពិសេស លោក នួន នី បានគូសបញ្ជាក់បន្ថែមយ៉ាងម៉ឺងម៉ាត់ថា «សូមឱ្យបងប្អូនអ្នកសារព័ត៌មានអាជីពទាំងអស់ មុនពេលចេញផ្សាយព័ត៌មាន ឬខ្លឹមសារណាមួយ ត្រូវផ្តល់សិទ្ធិ និងទុកឱកាសឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើការបំភ្លឺ និងបកស្រាយមកកាន់សាមីអង្គភាពដែលបានទទួលប្រភពជាមុនសិន ដើម្បីធានាបាននូវតុល្យភាពព័ត៌មាន តម្លាភាព និងភាពយុត្តិធម៌សម្រាប់គ្រប់ភាគីទាំងអស់ ចៀសវាងការចោទប្រកាន់ឯកតោភាគី»។
ទន្ទឹមនឹងនេះ លោកប្រធានសមាគមក៏បានក្រើនរំលឹក និងសង្កត់ធ្ងន់ទៀតថា «បងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈ ពីព្រោះចំណុចទាំងនេះហើយគឺជាអាវក្រោះដ៏រឹងមាំសម្រាប់ការពារខ្លួនយើងពីការរងការពិន័យផ្សេងៗពីក្រសួងព័ត៌មាន ឬការរងបណ្តឹងផ្លូវច្បាប់នានាជាយថាហេតុ»។
ក្នុងឱកាសនោះដែរ លោកប្រធានសមាគមក៏បានផ្តល់ជូនអ្នកសារព័ត៌មាននូវឯកសារគន្លឹះសំខាន់ៗរួមមាន៖
១.កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ជាត្រីវិស័យតម្រង់ទិសក្នុងការអនុវត្តការងារប្រចាំថ្ងៃ
២.សៀវភៅរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ ២០២៦ ដើម្បីជាឯកសារជំនួយ ស្មារតី និងការយល់ដឹងអំពីបរិបទព័ត៌មានបច្ចុប្បន្ន ក្រៅពីការចែករំលែកចំណេះដឹង និងឯកសារច្បាប់វិជ្ជាជីវៈ
លោក នួន នី ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ចាងហ្វាង និងអ្នកសារព័ត៌មានដែលបានចូលរួមនិងមិនបានចូលរួមដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីសាមគ្គីភាព ភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំសមាគម និងសមាជិកពិសេសអ្នកសារព័ត៌មានទាំងអស់ផងដែរ។
ពិធីសំណេះសំណាលបានបញ្ចប់ទៅក្រោមបរិយាកាសដ៏ស្និទ្ធស្នាល រីករាយ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបន្តបេសកកម្មបម្រើលើវិស័យសារព័ត៌មាននៅកម្ពុជា៕

No comments:
Post a Comment