ខេត្តកណ្តាល៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវទឹកក្នុងភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាល បានសម្ដែងការព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលកំពង់ចម្លងមួយចំនួននៅក្នុងតំបន់ កំពុងប្រើប្រាស់ទូកឈើជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ម៉ូតូ និងយានយន្ត។
តាមការសង្កេតរបស់ប្រជាពលរដ្ឋ ទូកឈើដែលត្រូវបានប្រើប្រាស់នៅកំពង់ចម្លងមួយចំនួន ហាក់ដូចជាមិនទាន់មានលក្ខណៈស្របតាមស្តង់ដាសុវត្ថិភាព និងបច្ចេកទេសគ្រប់គ្រាន់សម្រាប់ការដឹកជញ្ជូនលើផ្លូវទឹក ដែលអាចបង្កហានិភ័យដល់អ្នកធ្វើដំណើរ ជាពិសេសនៅពេលមានភ្លៀង ខ្យល់ខ្លាំង ឬទឹកហូរខ្លាំង។
ប្រជាពលរដ្ឋបានលើកឡើងថា ខណៈកំពង់ដរមួយចំនួនដូចជា កំពង់ដរភ្នំពេញ-អរិយក្សត្រ ត្រូវបានរៀបចំដោយប្រើប្រាស់សាឡាងធំៗ មានលក្ខណៈបច្ចេកទេស និងសុវត្ថិភាពល្អប្រសើរ ប៉ុន្តែកំពង់ចម្លងមួយចំនួនក្នុងស្រុកស្អាងវិញ នៅតែប្រើទូកឈើជាមធ្យោបាយចម្លង។
កំពង់ចម្លងដែលត្រូវបានលើកឡើងរួមមាន៖
១. កំពង់ចម្លងផ្សារស្អាង-ព្រែកតូច
២. កំពង់ចម្លងអុងបាំង
៣. កំពង់ចម្លងមួយកន្លែងទៀតក្នុងតំបន់
ប្រជាពលរដ្ឋបានស្នើសុំដល់ម្ចាស់អាជីវកម្មកំពង់ចម្លងទាំងនេះ មេត្តាពិនិត្យ និងកែលម្អមធ្យោបាយដឹកជញ្ជូនចម្លងឱ្យមានស្តង់ដាបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពជូនអ្នកដំណើរ។
ជាមួយគ្នានេះ ពួកគាត់ក៏បានសំណូមពរដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសសាលាស្រុកស្អាង មេត្តាចុះត្រួតពិនិត្យទីតាំងកំពង់ចម្លងទាំងនេះ ដើម្បីវាយតម្លៃពីសុវត្ថិភាព និងអាជ្ញាប័ណ្ណអនុញ្ញាត ធានាបាននូវការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។
ប្រជាពលរដ្ឋក៏បានបញ្ជាក់ថា ការត្រួតពិនិត្យជាមុន អាចជួយបង្ការហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ៕






No comments:
Post a Comment