www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Saturday, June 20, 2026

ប្រជាពលរដ្ឋរអ៊ូរទាំរស់នៅស្ទើរមិនបាន ដោយសារក្លិនស្អុយចេញពីសិប្បកម្មកែច្នៃថង់ប្លាស្ទិច ឯប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលរងការរិះគន់ថា «ហាក់ធ្វើមិនដឹង» និងហាមអ្នកសារព័ត៌មានមិនឲ្យផ្សាយ!



 ខេត្តកណ្ដាល÷ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦ ក្រុមការងារសារព័ត៌មានយើងខ្ញុំបានទទួលសេចក្តីរាយការណ៍ និងការអំពាវនាវពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ថាមានទីតាំងសិប្បកម្មកែច្នៃថង់ប្លាស្ទិចមួយកន្លែង កំពុងតែបង្កហានិភ័យ និងជះក្លិនស្អុយយ៉ាងខ្លាំង ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់ពួកគាត់ជារៀងរាល់ថ្ងៃ ស្ទើរតែទ្រាំរស់នៅមិនបាន។
ភ្លាមៗនោះ ក្រុមការងារសារព័ត៌មានបានចុះទៅដល់ទីតាំងផ្ទាល់ និងបានឃើញទិដ្ឋភាពជាក់ស្តែងដូចអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍ពិតប្រាកដមែន។ ក្រុមការងារបានផ្ដិតយករូបភាព និងរាយការណ៍ជូនលោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល។ លោកប្រធានមន្ទីរបានឆ្លើយតបមកវិញថា៖ «គោរពអរគុណលោកប្អូន ជួយដាក់ទីតាំងនិងគោលដៅមក ដើម្បីខ្ញុំឲ្យមន្ត្រីរបស់ខ្ញុំចុះទៅពិនិត្យមើល ហើយអញ្ជើញលោកប្អូនចូលរួមទៅហិតទឹកស្អុយទាំងអស់គ្នា»ក្នុងពេលនោះដែរលោកប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលបានបោះដបទឹកស្អុយឱ្យមកអ្នកសារព័ត៌មានយើងហិតទៅវិញហាក់បីដូចជាមិនឲ្យតម្លៃអ្នកសារព័ត៌មានទាល់តែសោះ។




អ្វីដែលធ្វើឲ្យមានការងឿងឆ្ងល់ និងរិះគន់នោះគឺ៖ មួយសន្ទុះក្រោយមក គេឃើញលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល និងលោកប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃថង់ប្លាស្ទិចនោះផ្ទាល់។ ប៉ុន្តែ ក្នុងសកម្មភាពចុះពិនិត្យនោះ លោកអភិបាលរង និងលោកប្រធានមន្ទីរបរិស្ថាន បែរជាហាមឃាត់មិនឲ្យអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយទៅវិញ។ ក្រុមការងារសារព័ត៌មានបានព្យាយាមរង់ចាំសុំការបំភ្លឺពីលោកប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល ប៉ុន្តែមិនមានការឆ្លើយតប ឬពន្យល់ណាមួយឡើយ។





?ចោទសួរពីប្រជាពលរដ្ឋ៖ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយទីតាំងសិប្បកម្មកែច្នៃថង់ប្លាស្ទិចនេះ បានជាលោកប្រធានមន្ទីរបរិស្ថានមិនព្រមបំភ្លឺជូនអ្នកសារព័ត៌មាន? ប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះទោះបីជាឃើញថ្នាក់ដឹកនាំចុះមកពិនិត្យហើយ ក៏មិនឃើញមានលទ្ធផល ឬវិធានការដោះស្រាយអ្វីទាល់តែសោះ ហើយទីតាំងនោះនៅតែបន្តបង្កហានិភ័យជះក្លិនស្អុយដដែល ដែលធ្វើឲ្យពួកគាត់បារម្ភពីសុវត្ថិភាពសុខភាពយ៉ាងខ្លាំង។ ពួកគាត់បានលើកឡើងទាំងមន្ទិលសង្ស័យថា ប្រហែលជាម្ចាស់សិប្បកម្មនេះមាន «ខ្សែមានខ្នងអ្នកធំ» ទើបបានជាមន្ទីរបរិស្ថានមិនហ៊ានចុះអនុវត្តច្បាប់បែបនេះ។

🙏 សំណូមពរចុងក្រោយ៖ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមគោរពស្នើសុំយ៉ាងទទូចដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តកណ្ដាល ជាពិសេសនោះគឺ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល សូមមេត្តាជួយចាត់មន្ត្រីជំនាញថ្នាក់ខេត្ត ចុះមកពិនិត្យ និងមានវិធានការច្បាប់លើទីតាំងនេះ ដើម្បីជួយសង្គ្រោះសុខភាពប្រជាពលរដ្ឋផងទាន។

📝 សេចក្តីបញ្ជាក់៖ ការផ្សាយនេះធ្វើឡើងក្នុងន័យរិះគន់ដើម្បីស្ថាបនា និងចូលរួមប្រយោជន៍ក្នុងសង្គម។ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់មន្ត្រីសមត្ថកិច្ច ភាគីពាក់ព័ន្ធ និងជាពិសេសគឺម្ចាស់ទីតាំងសិប្បកម្មកែច្នៃថង់ប្លាស្ទិចនេះផ្ទាល់ រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ មាត្រា១០។





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages