រាជធានីភ្នំពេញ÷ផ្សាយចេញថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៦
ទីតាំង៖ ហាងកាហ្វេ «តូ តូ» ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កាលបរិច្ឆេទផ្ដិតរូបភាព៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦
ល្បែងស៊ីសងប្រភេទ «ជល់មាន់តាមប្រព័ន្ធអនឡាញ» និង «ចាក់បៀរការ៉ាត់» កំពុងលួចលាក់បើកដំណើរការយ៉ាងអាណាធិបតេយ្យ បង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះវាផ្ទុយស្រឡះពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ៧ចំណុច» និងសារាចរណែនាំរបស់សាលារាជធានីភ្នំពេញ។
ចំណាត់ការបឋមពីសមត្ថកិច្ច៖បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍លោកវីរៈសេនីយ៍ត្រី អ៊ុំ រតនា មេប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ បានឆ្លើយតបថានឹងចាត់កម្លាំងចុះទៅត្រួតពិនិត្យ។
ដោយឡែក លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ក្រុមការងារបានផ្ញើសាររាយការណ៍តាម Telegram និងទូរសព្ទ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយ (ប្រហែលជាលោកកំពុងមមាញឹកខ្លាំងក្នុងយុទ្ធនាការបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងករណីឆបោកអនឡាញផ្សេងៗ)។
ពលរដ្ឋមានការព្រួយបារម្ភថា បើទុកឱ្យទីតាំងល្បែងនេះបន្តបើក វានឹងបង្កើតឱ្យមានបទល្មើសផ្សេងៗដូចជា អំពើហិង្សាក្នុងគ្រួសារ ចោរលួច ឆក់ និងប្លន់ ព្រោះតែពាក្យចាស់ពោលថា «អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខខ្លា» កាលណាអស់លុយមុខជាដាច់ចិត្តធ្វើរឿងខុសច្បាប់ហើយ។
សំណូមពរ៖ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន សូមគោរពទទូចស្នើសុំដល់ លោក ម៉ូវ ម៉ានិត (អភិបាលខណ្ឌច្បារអំពៅ) លោក ម៉ៅ សឿត (អធិការខណ្ឌ) ជាពិសេស ឯកឧត្តម ជួន ណារិន្ទ (ស្នងការនគរបាលរាជធានីភ្នំពេញ) មេត្តាចាត់មន្ត្រីជំនាញចុះមកពិនិត្យ និងបង្ក្រាបទីតាំងខាងលើនេះ ដើម្បីផ្តល់ភាពកក់ក្តៅ និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋដោយអនុគ្រោះ។
សេចក្តីបញ្ជាក់៖ ការផ្សាយនេះក្នុងន័យរិះគន់ដើម្បីស្ថាបនា ចូលរួមប្រយោជន៍ក្នុងសង្គមជាតិ។ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់ទីតាំងហាងកាហ្វេតូតូផ្ទាល់ រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ មាត្រា១០ ខថាខណ្ឌទី១ សូមអរគុណ!!










No comments:
Post a Comment