ខេត្តកណ្តាល៖ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីផ្លូវជាតិលេខ ២១A ទៅផ្លូវជាតិលេខ ២១B ក្នុងភូមិសាស្ត្រស្រុកស្អាង កំពុងសម្តែងនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពអាយុជីវិត រាល់ពេលជិះទូកដរឆ្លងម្ដងៗ ជាពិសេសនៅក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំង។
បើយោងតាមការរិះគន់ពីមហាជន កំពង់ចម្លងទាំង ៣ ទីតាំងនោះរួមមាន៖
1️⃣ កំពង់ចម្លងផ្សារស្អាង-ព្រែកតូច
2️⃣ កំពង់ចម្លងអុងប៉ាង
3️⃣ កំពង់ចម្លងផ្សារស្អាង
ប្រជាពលរដ្ឋបញ្ជាក់ថា ទូកចម្លងទាំងនេះមានលក្ខណៈចាស់រឹប កែច្នៃខុសលក្ខណៈបច្ចេកទេស គ្មានបង្កាន់ដៃការពារត្រឹមត្រូវ និងគ្មានពោងសុវត្ថិភាពសម្រាប់អ្នកដំណើរឡើយ ដែលផ្ទុយស្រឡះពីសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកណ្តាល និងសេចក្តីប្រកាសហាមឃាត់ដាច់ខាតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
រឿងហួសចិត្ត៖ ក្រោយមានការចុះផ្សាយ មានបុគ្គលម្នាក់បានចេញមុខមកអះអាងតាមតេឡេក្រាមថា ទូកដរទាំងនេះមានច្បាប់ត្រឹមត្រូវ និងមានមន្ត្រីចុះពិនិត្យរាល់ ៦ខែម្តង ថែមទាំងបានស្នើឱ្យសារព័ត៌មានលុបព័ត៌មាននេះចេញ ដោយពោលពាក្យថា៖ «ទូកដរចម្លងនេះជារបស់ឱពុកធម៌ខ្ញុំទេ លុបទៅចាំឱ្យថ្លៃកាហ្វេគុយទាវ»។ ប៉ុន្តែត្រូវបានអង្គភាពយើងខ្ញុំបដិសេធដាច់អហង្ការ ព្រោះយើងផ្សាយក្នុងន័យរិះគន់ដើម្បីស្ថាបនា និងការពារអាយុជីវិតពលរដ្ឋ មិនមែនដើម្បីលុយកាក់ឡើយ។
ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានដាក់សំណួរសួរថាតើមន្ត្រីជំនាញសាលាស្រុកស្អាងបានចុះពិនិត្យទៅលើបច្ចេកទេសទូកដរចម្លងកែច្នៃដូចដែរបុគ្គលម្នាក់បានចេញអះអាងថាខាងមន្ត្រីជំនាញសាលាស្រុកចុះត្រួតពិនិត្យ ៦ ខែម្ដងពិតដែរឬទេ?
សាធារណជនបានរំឮកទៅដល់សោកនាដកម្មកាលពីឆ្នាំ២០២២ ករណីលិចទូកដរចម្លងនៅភូមិកោះចំរើន ស្រុកលើកដែក ដែលបណ្តាលឱ្យសិស្សានុសិស្ស ១១ នាក់បាត់បង់ជីវិត។ ដូចនេះ មិនគួរទុកឱ្យកើតមានព្រឹត្តិការណ៍ «ពេលគោបាត់ ទើបធ្វើរបង» នោះឡើយ។
សូមគោរពកិច្ចអន្តរាគមន៍ផ្ទាល់ពី៖
លោក ជា គីមហៃ អភិបាលស្រុកស្អាង
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
មេត្តាជួយចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងមានវិធានការក្តៅផ្អាករាល់ទូកកែច្នៃខុសបច្ចេកទេសទាំងនេះ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋផងទាន! 🙏
សេចក្តីបញ្ជាក់៖ អង្គភាពសារព័ត៌មានយើងខ្ញុំផ្សាយក្នុងន័យរិះគន់ដើម្បីស្ថាបនាអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសនោះគឺម្ចាស់ទូកដ៏ចម្លងផ្ទាល់តែម្ដងរៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ មាត្រា១០កថាខណ្ឌទី១ បើក្រុមការងារយើងខ្ញុំផ្សព្វផ្សាយទៅមានពាក្យពេចន៍លើសលួសខ្វះខាត សូមសូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាខន្តីអភ័យទោសដល់ក្រុមការងារយើងខ្ញុំផង
សូមអរគុណ!!!សូមគោរពលា!!!









No comments:
Post a Comment